AFC Cup៖ បឹងកេត នាំយកជ័យជម្នះមករាជធានីភ្នំពេញវិញ ក្រោយសងសឹក Shan United បានសម្រេច


ក្នុងការប្រកួតបិទពូល F នៃពានរង្វាន់ AFC Cup 2018 បានបញ្ចប់នាល្ងាចថ្ងៃពុធ ទី ២៥ ខែ មេសា ឆ្នាំ ២០១៨ ដោយក្រុមបាល់ទាត់បឹងកេត បានទៅសងសឹកក្រុម Shan United ដល់ប្រទេសមីយ៉ាន់ម៉ា ដោយលទ្ធផល ៤-១ នាំយកជ័យជម្នះមកកាន់មាតុភូមិវិញ បើទោះបីបោះបង់ឱកាសឡើងទៅកាន់វគ្គបន្តក៏ដោយ។ 

កីឡាករបរទេសបីរូបរបស់បឹងកេត រកគ្រាប់បាល់ទាំងបួនគ្រាប់នេះក្នុងនោះរួមមាន Maycon ២គ្រាប់ និង Julius, Gbenga មួយគ្រាប់ម្នាក់ គ្រាដែលក្រុមម្ចាស់ផ្ទះវាយបកតាមបាន ១គ្រាប់វិញ ដោយកីឡាករ Zin Min Tun ។ 


ឆ្លងកាត់ជ័យជម្នះនេះផងដែរសម្រាប់បឹងកេត បានបង្ហាញថាពួកគេអាចរកបានលទ្ធផលឈ្នះ ២ប្រកួត ចេញពីការប្រកួតចំនួន ១១លើកក្នុងពានរង្វាន់ AFC Cup ចាប់តាំងពីចូលរួមកាលពីឆ្នាំ ២០១៦កន្លងមក ដោយក្នុងនោះ ឈ្នះ ២ ស្មើ ១ និងចាញ់ ៨ ប្រកួត ។

ក្នុងថ្ងៃជាមួយគ្នាដែរនោះ Home United ក៏បានបំបាក់ក្រុម Ceres Negros​ ដណ្តើមយកតំណែងកំពូលតារាងពូល F នឹងបន្តឡើងទៅជួបក្រុម Yangon United នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតំបន់អាស៊ាន ( Zonal Semi Final ) ខណៈដែលក្រុម Ceres របស់ហ្វីលីពីន ត្រូវជួបក្រុមជើងខ្លាំងរបស់ឥណ្ឌូនេស៊ី គឺ Persija Jarkata ដោយនឹងធ្វើការប្រកួតពីរជើង ចាប់ផ្តើមពីថ្ងៃទី ៨ និង ៩ ខែ ឧសភា ខាងមុខតទៅ សម្រាប់ជើងទី១ ៕

រូបភាពជាកម្មសិទ្ធិរបស់៖ AFC

Comments