នៅតែមានអ្នកឆ្ងល់ថា ហេតុអ្វីឃួន ឡាបូរ៉ាវី ស្ថិតក្នុងក្រុមជម្រើសជាតិ U-21 ចូលរួមប្រកួតពានស្តេចព្រុយណេ ?

ក្រោយសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករយុវជនអាយុក្រោម ២១ ឆ្នាំ សរុប ២៣រូប ត្រៀមប្រកួតពានរង្វាន់ Hassanal Bolkiah Trophy 2018 នៅប្រទេសព្រុយណេ មានមតិពីមហាជន អ្នកគាំទ្រកម្ពុជាមួយចំនួនងឿងឆ្ងល់ថា ហេតុអ្វី មានវត្តមានខ្សែប្រយុទ្ធចាស់វស្សា ឃួន ឡាបូរ៉ាវី ចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ ដោយភាគច្រើននៃពួកគេគិតថា កីឡាកររបស់ក្លិបបឹងកេតរូបនេះ ស្ថិតក្នុងក្រុមធំ ( Senior Team ) និងលើសអាយុ ។



ដើម្បីជាការបញ្ជាក់ជូនប្រិយមិត្តឲ្យកាន់តែជ្រាបច្បាស់ Cambodia Football Data (CFD) សូមធ្វើការបង្ហាញនូវឯកសារខ្លះៗដើម្បីជាការស្វែងយល់ពីពានរង្វាន់ក្រៅផ្លូវការមួយនេះ។

យោងតាមលក្ខន្តិកៈនៃកម្មវិធីប្រកួតដែលបានចេញសម្រាប់ការប្រកួតពានរង្វាន់ Hassanal Bolkiah Trophy ឆ្នាំ ២០១៨នេះ ត្រង់ចំណុចទីបី (កថាខ័ណ្ឌទី 20.2 ) បានបញ្ជាក់ថា « កីឡាករដែលបានកើតនៅថ្ងៃ ឬក្រោយថ្ងៃទី ១ ខែ មករា ឆ្នាំ ១៩៩៧ ទើបមានសិទ្ធិចូលរួម (អាយុក្រោម ២១ឆ្នាំ) ។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករក្រុមធំ ០៣រូប ត្រូវបានអនុញ្ញាតឲ្យចុះឈ្មោះ និងបង្ហាញខ្លួនគ្រប់ការប្រកួត។ » ។

ដូចនេះ កីឡាករ ឃួន ឡាបូរ៉ាវី (២៩ឆ្នាំ ) រួមជាមួយនឹងសមាជិកក្រុមធំពីររូបទៀត សឿយ វិសាល និង សុះ ស៊ូហាណា ត្រូវបានកោះហៅដោយគ្រូជម្រើសជាតិ លោក ប្រាក់​ សុវណ្ណារ៉ា ដើម្បីចូលរួមក្នុងពានរង្វាន់ក្រៅផ្លូវការមួយនេះ ។



ប្រកួតដំបូងរបស់កម្ពុជា គឺត្រូវជួបជាមួយនឹង ឡាវ នៅថ្ងៃទី ២៨ ខែ មេសា ខាងមុខនេះ វេលាម៉ោង ៧:១៥នាទីយប់ ៕

រូបភាពនេះជាកម្មសិទ្ធិរបស់៖ CNCC / HBT

Comments